General knowleges

ទំនៀមទំលាប់ប្រពៃណី
ទំនៀមទំលាប់ខ្មែរ

3 Votes

និយមន័យនៃជំនឿ

ជំនឿ មានន័យថា សេចក្តីដែលគួរជឿ ដំណើរជឿ ។ ជនជាតិណាក៏ដោយដែលមានជីវិតរស់នៅលើលោកយើងនេះ តែងតែមាន ជំនឿជឿជាក់លើអ្វីៗជាច្រើន ។ ជួនកាលអាចជឿលើរឿងដូចគ្នា ឬ មិនដូចគ្នា គឺអាស្រ័យទៅលើការយល់ឃើញរបស់ពួកគេ (អ្នកខ្លះគេជឿទៅលើកម្លាំងអាទិទេព កម្លាំងធម្មជាតិ ឬជឿលើកម្លាំងកាយ កម្លាំប្រាជ្ញា របស់គេផ្ទាល់) ។ តិចឬច្រើនគឺតែងតែ មានហើយស្របទៅតាមន័យនៃពាក្យថា “អាគមផ្សំអាយុ” ឬក៏ថា “ទាល់តែយើងជួយខ្លួន​យើងជាមុនសិនទើបទេវតាជួយយើង តាមក្រោយ” ។

ហេតុដូចនេះ ទើបគេសង្កេតឃើញនាលោកយើងនេះ មានជំនឿ ទំនៀមទំលាប់ ប្រពៃណីខុសប្លែកគ្នាយ៉ាងសម្បូរបែប។ យ៉ាងណាមិញ ប្រជាពលរដ្ឋខ្មែរយើង ជាជនជាតិមួយដែលមានជំនឿ ទំនៀមទំលាប់ និង ប្រពៃណីផ្ទាល់ខ្លួនតាំងពីបុរេប្រវត្តមក ម្ល៉េះ ។ ក្នុងគ្រប់សម័យកាលប្រវត្តិសាស្ត្រទោះបីមានឥទ្ធិពលបរទេសផ្សេងៗជ្រៀតជ្រែកខ្លះៗក្តី ក៏ប្រជាពលរដ្ឋខ្មែរនៅតែរក្សាបាន ទំនៀមទំលាប់របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ។

ប្រពៃណីចូលម្លប់

ប្រវត្តិនៃការចូលម្លប់

ប្រពៃណីចូលម្លប់កូនស្រីមានប្រភពទាក់ទងទៅនឹងព្រេងនិទានស្តីពី(មហាចោរនិងកូនស្រី) នៅក្នុងសៀវភៅប្រជុំរៀងព្រេងខ្មែរភាគ ៩ទំព័រ២១ ។ រហូតមកដល់បច្ចុប្បន្នយើងពុំដែលឃើញមានឯកសារច្បាស់លលាស់បញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្ត ពិធីចូលម្លប់នេះឡើយ ។ អ្វីដែលយើងដឹងតាមរយៈរឿង ទុំទាវ ក្នុងស.វទី១៦ ដែលបានចែងច្បាស់ពីការចូលម្លប់របស់នាងទាវ ដែលជាតំណាងនារីក្នុងគ្រួសារធូរធារមួយក្នុងសម័យនោះ។ ដូចនេះយើងសន្និដ្ឋានថាការចូលម្លប់នេះប្រាកដជាខ្មែរយើងបានអនុវត្ត តាំងពីយូរលង់ណាស់មកហើយ ។ ពិធីនេះត្រូវបានខ្មែរយើងបោះបង់ចោនៅចុងរាជព្រះបាទ ស៊ីសុវត្ថិមុនីវង្ស (គឺប្រហែលរវាង គ.ស ១៩៣០ – ១៩៤០ ) ។ តែទោះបីយ៉ាងនេះក្តីតាមរយៈការចងចាំតៗគ្នានៃព្រឹទ្ធាចារ្យយើង ពិធីនេះក៏នៅតែដិតជាប់ក្នុងអារម្មណ៍ខ្មែរ យើងនៅឡើយទោះបីមិនបានគ្រប់ជ្រុងជ្រោយក៏ដោយ ។
មូលហេតុនៃការបោះបង់ចោលពិធីការចូលម្លប់

ជាក្រិត្យក្រម សង្គមខ្មែរតែងតែខិតខំរក្សាទុកនូវអ្វីដែលសមស្របតាមកាលៈទេសៈ និង ចំណង់ចំណូលចិត្តរបស់គេ ហើយដែល អាចនាំមកនូវសេចក្តីសុខចម្រើនរុងរឿង អ្វីដែលហួសសម័យមិនបម្រើផលប្រយោជន៍សង្គមទូទៅគេតែងតែកែលំអ ឬ បោះបង់ ចោលតែម្តង ។ យ៉ាងណាមិញការចូលម្លប់របស់ខ្មែរយើង ដែលបានបាត់បង់ជាស្វ័យប្រវត្តិនាយុគសម័យយើងនេះក៏ព្រោះតែ ការចូលម្លប់នាំឲ្យ ៖

- ខាតកម្លាំងពលកម្មក្នុងគ្រួសារនិងក្នុងសង្គម

- រំខានអំពល់ទុក្ខដល់សមាជិកគ្រួសារទាំងមូល “បម្រើសាមីខ្លួនចូលម្លប់ “

- បំបាត់សិទ្ធិសេរីភាពរបស់កូនស្រី

- ខាតបង់ប្រាក់កាសដែលត្រូវចំណាយក្នុងពិធីចូលម្លប់ ។

គោលបំណងនៃការចូលម្លប់

តាមទំនៀមទំលាប់នៃព្រពៃណីខ្មែរយើង ការចូលម្លប់មានគោលបំណង

- អប់រំសីលធម៌របស់នារី

- បំពេញលក្ខណៈជានារីខ្មែរ នារីគ្រប់លក្ខណ៍ “ចេះគ្រប់គ្រងគ្រួសារ ចេះរស់នៅក្នុងសង្គមមានចំណេះដឹងគេហកិច្ច ..” ។ល។

- ផ្តល់កិត្តិយសដល់គ្រួសារដែលបានរៀបចំការកូនស្រីក្នុងវ័យក្មេងខ្ចី ។

- បន្ទំសម្រស់ រូបរាងកាយឲ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីទាក់ទាញអារម្មណ៍យុវជនតាមរយៈរូបសម្បត្តិនិង ចរិយាសម្បត្តិ ។

លក្ខណៈសម្បត្តិក្នុងការចូលម្លប់ ដើម្បីចូលម្លប់បាននារីត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម

- ជាកូនស្រីច្បងក្នុងគ្រួសារ “បើគ្រួសារធូរធារកូនស្រីទាំងអស់អាចចូលម្លប់បានដូចគ្នា “ ។

- ឈានចូលដល់វ័យពេញក្រមុំ “ មានរដូវលើកដំបូង “ ។

- មានទ្រព្យសម្បត្តិអាចទប់ទល់នឹងការលំបាកផ្សេងៗក្នុងរយៈពេលចូលម្លប់ ។

- ជាគ្រួសារដែលមានកម្លាំងពលកម្មគ្រប់គ្រាន់ ។

រយៈពេលចូលម្លប់ រយៈពេលចូលម្លប់ប្រែប្រួលទៅតាមលក្ខណៈសម្បត្តិរបស់គ្រួសារនិមួយៗ ជាទូទៅមានរយៈពេលពី ៣ ទៅ ៦ ខែ ។

បុណ្យពិសាខបូជា

ពិសាខបូជា ជាពិធីបូជាយ៉ាងធំដែលពុទ្ធបរិស័ទប្រារព្ធធ្វើឡើង ដើម្បីរំលឹកដល់ព្រះពុទ្ធគោតម ។ គេកំណត់យកថ្ងៃពេញបូណ៌មី (១៥កើត) ខែពិសាខ ព្រោះជាថ្ងៃ ខែមហាមង្គល ដែលត្រូវនឹងថ្ងៃ ខែ ដែលព្រះពុទ្ធទ្រង់ប្រសូត ទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ និងទ្រង់រំល់ខន្ធចូលបរិនិព្វាន ។ ដូចនេះ ព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និង បរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី (១៥កើត) ខែពិសាខ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ ។

តាមទំនៀមទំលាប់ពិធីបុណ្យពិសាខបូជា ប្រព្រឹត្តទៅនៅវេលាយប់ក្នុងវត្ត។ ដូចនេះហើយបានជាគេឃើញនៅគ្រប់វត្តអារាមមានធុជ គ្រឿងប្រទីបជ្វាលាភ្លឺព្រោងព្រាត ហើយមានមហាជនប្រុសស្រី ក្មេងចាស់ ប្រកបដោយគ្រឿងសក្ការបូជាមានផ្កាភ្ញី ទៀន ធូប ជាដើម ទៅប្រជុំគ្នាយ៉ាងច្រើនកុះករ ។ នៅយប់នេះរហូតដល់ភ្លឺគេនាំគ្នាស្តាប់ការសម្តែងទេសនាអំពីពុទ្ធប្រវត្តតាំងពីដើមរហូតដល់ ចប់ដើម្បីឲ្យមានចិត្តសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យកាន់តែខ្លាំងឡើង ។

តាមការស្រាវជ្រាវគេដឹងថា បុណ្យពិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ ។ គេថាប្រទេសឥណ្ដានិងប្រទេស លង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារមកហើយ ។ ចំណែកប្រទេសសៀមនិងប្រទេសខ្មែរទើបនឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩ នេះ ។ នៅប្រទេសសៀមស្តេចរាមា បានចាប់ផ្តើមធ្វើនៅឆ្នាំ១៨១៧​។ ចំណែកនៅប្រទេសខ្មែរបុណ្យពិសាខបូជាត្រូវបានចាប់ធ្វើ ឡើងនៅឆ្នាំ១៨៥៥ ដោយព្រះមហាប៉ាន ដែលស្តេចសៀមបានបញ្ជូនមកកាន់ឧត្តុង្គតាមសសេចក្តីស្នើសុំរបស់ព្រះបាទ អង្គឌួង ។ ដំបូងពិធីបុណ្យនេះប្រារព្ធឡើងដោយ គណៈធម្មយុត្តិកៈនិកាយ ហើយក្រោយមកទើបជ្រួតជ្រាបដល់គណៈមហានិកាយ (យល់ព្រមដោយព្រះបាទ ស៊ីសុវត្ថិ ) ។

បុណ្យមាឃមូជា

មាឃបូជា ក៏ជាពិធីបុណ្យមួយយ៉ាងធំដែរ ដែលពុទ្ធសាសនិកនាំគ្នាប្រារព្ធធ្វើនៅថ្ងៃពេញបូណ៌មីខែមាឃ។ គេកំណត់យកថ្ងៃ ពេញបូណ៌មី(១៥កើត) ខែមាឃ ព្រោះថ្ងៃខែនេះទាក់ទងទៅនឹងពុទ្ធប្រវត្តិដូចពិសាខបូជាដែរ ។ គឺនៅថ្ងៃពេញបូណ៌មីខែមាឃ ក្នុង ឆ្នាំដំបូង ដែលព្រះពុទ្ធបានត្រាស់ដឹង(ក្នុងជន្មាយុ៣៥វស្សា) មានមហាសន្និបាតមួយដែលមានព្រះអរហន្តចំនួន១២៥០អង្គ ។ នៅពេលជួបជុំគ្នា ព្រះពុទ្ធទ្រង់សម្តែងឪវាទប្បាតិមោក្ខ ហើយទ្រង់តាំងសារីបុត្រជាបឋមសាវ័ក ព្រះមោគ្គលាន ជាទុតិយសាវ័ក ។

ក្នុងបច្ចិមវ័យ លុះព្រះជន្មគម្រប់ ៨០វស្សា មុនថ្ងៃបរិនិព្វាន ៣ខែ គឺថ្ងៃពេញបូណ៌មីខែមាឃ មានក្រុងមារមកនិមន្តព្រះពុទ្ធឲ្យចូល បរិនិព្វាន ព្រះអង្គទ្រង់ឆ្លើយប្រាប់មារថា ព្រះអង្គនឹងបរិនិព្វាននៅ ៣ខែទៀត គឺដល់ថ្ងៃពេញបូណ៌មីខែពិសាខខាងមុខ។ នៅពេល ព្រះអង្គទ្រង់ដាក់ជន្មាយុសង្ខារនោះ មានការកក្រើកញាប់ញ័រផែនដីយ៉ាងខ្លាំង ព្រមទាំងផ្គរលាន់កងរំពងពេញផ្ទៃមេឃ។ អាស្រ័យ ដោយថ្ងៃពេញបូណ៌មីខែមាឃជាថ្ងៃអស្ចារ្យពីរបែបនេះ(ប្រជុំអរហន្ត និងដាក់អាយុសង្ខារ) ជាពុទ្ធបរិស័ទនាំគ្នារៀបចំគ្រឿងសក្ការ បូជាព្រះរតនត្រ័យ រំលឹកដល់ថ្ងៃខួបនោះជាប្រពៃណី។ នៅប្រទេសខ្មែរ គេចាប់ផ្តើមធ្វើបុណ្យមាឃបូជានៅឆ្នាំប្រហែលគ្នានឹងបុណ្យ ពិសាខបូជាដេរ។

ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅពេលយប់ ក្នុងវត្តអារាមនិមួយៗ។ តាមទំនៀម ពុទ្ធបរិស័ទត្រូវដើរប្រទក្សិណព្រះវិហារ៣ជុំ សិនមុននឹងចូល ។ គេយកទេយ្យវត្ថុរៀបដាក់នៅមុខព្រះពុទ្ធរូបរួចអុជទៀនធូប។ លុះជួបជុំគ្នាហើយព្រះសង្ឃមួយអង្គដែលចាស់ វស្សាជាងគេសូត្រសិក្ខាបទ។ បន្ទាប់មកព្រះសង្ឃពីរអង្គ ដែលគង់នៅមុខទេយ្យវត្ថុសូត្រសរសើរគុណព្រះពុទ្ធ(ពុទ្ធគុណ) លុះចប់ បទខាងដើម ព្រះសង្ឃមួយអង្គសម្តែងទេសនាអំពីជីវប្រវត្តិរបស់ព្រះពុទ្ធ។ ការសូត្រពុទ្ធគុណនិងការសម្តែងទេសនាប្រព្រឹត្តឆ្លាស់គ្នា រហូតដល់អាធ្រាត្រ ជួនកាលរហូតដល់ភ្លឺ។ ពេលនោះគេប្រគេនយាគូដល់ព្រះសង្ឃដើម្បីបញ្ចប់ពិធីបុណ្យ ។

បុណ្យភ្ជុំបិណ្ឌ

តាមទំនៀមគេធ្វើពិធីបុណ្យកាន់បិណ្ឌចំនួន១៥ថ្ងៃ គឺចាប់ផ្តើមធ្វើពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ។ ថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គឺថ្ងៃកាន់បិណ្ឌ ឬដាក់បិណ្ឌ។ ថ្ងៃ១៥រោច គឺថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះអ្នកស្រុកតែងមកប្រជុំគ្នាធ្វើនៅក្នុងវត្តគ្រប់ៗគ្នា។ ពាក្យថា “បិណ្ឌ” មានន័យថា ពុំនូតបាយដែលគេឧទ្ទិសដល់ខ្មោចដែលបានស្លាប់ទៅ។ សព្វថ្ងៃបាយបិណ្ឌ គឺពំនូតបាយដំណើបចំអិនជាមួយខ្ទិះដូង ហើយលាយជាមួយគ្រឿងផ្សំផ្សេងៗទៀតទៅតាមការនិយមរបស់អ្នកស្រុកក្នុងតំបន់ និមួយៗ។ គេដាក់បាយបិណ្ឌក្នុងថាសមួយយកទៅវត្ត។ នៅកណ្ដាលបាយបិណ្ឌមានបាយបិតបូរ ដែលគេដាក់លើជើងពានតូច មួយ។ បាយបិតបូរដូចគ្នានឹងបាយបិណ្ឌដែរ ប៉ុន្តែគេធ្វើរាងស្រួចដូចសាជី ហើយធ្វើគម្របស្លឹកចេកគ្របពីលើដោយចោះកំពូលទុក ដោតទៀនធូបនិងផ្កា ។ នៅតំបន់ខ្លះគេធ្វើបាយបិណ្ឌដាក់ក្នុងកន្តោងចំនួន៨ព័ទ្ធជុំវិញបាយបិតរ ហើយក្នុងកន្តោងនិមួយៗមាន ពំនូតបាយបិណ្ឌពី១ដុំទៅ១៥ដុំ។

ក្រៅពីដង្វាយផ្សេងៗនៅក្នុងសាលាបុណ្យនៃវត្ត គេនាំគ្នារៀបចំតុបតែងធ្វើផ្កាបិណ្ឌ ដែលមានរាងមូលស្រួចដូចសាជី។ នៅលើ កំពូលផ្កាបិណ្ឌ គេធ្វើរូបហង្សទ្រទៀនដែលគេអុជរាល់យប់នៅពេលកាន់បិណ្ឌ។ គេថាផ្កាបិណ្ឌនេះជាដង្វាយចំពោះព្រះចូឡាមណី។

មុនថ្ងៃបិណ្ឌមួយថ្ងៃ គឺនៅថ្ងៃទី១៤រោច នៅតាមផ្ទះនិមួយៗគេនិយមធ្វើនំអន្សម នំគម នំធ្មៃ សម្រាប់យកទៅប្រគេនព្រះសង្ឃ ឧទ្ទិស ដល់អ្នកបានស្លាប់ទៅហើយផង ថែកចាយដល់អ្នកជិតខាងឬមិត្តភក្តិផង ។ នៅវេលាយប់នៃថ្ងៃនេះ នៅឯវត្តមានធ្វើពិធីបង្សុកូល ដល់វិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់បង់ជីវិតទៅហើយ ដោយមានការសូត្រធម៌ និង សម្តែងធម៌ទេសនារហូតដល់ភ្លឺ។ លុះស្អែក ឡើងថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីកាន់បិណ្ឌ ហើយដែលជាថ្ងៃសំខាន់ជាងគេ អ្នកស្រុកគ្រប់ផ្ទះនាំគ្នាធ្វើ ដំណើរទៅប្រជុំនៅវត្ត។ អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរ ខ្លះកាន់នំអន្សម នំគម នំធ្មៃ និងនំចំណីផ្សេងៗ ខ្លះទៀតកាន់ចាន ស្រាក់ដាក់ចង្ហាន់ទៅប្រគេនព្រះសង្ឃ។

ក្រៅពីពិធីកាន់បិណ្ឌដែលធ្វើនៅឯវត្ត មានពិធីសែនព្រេននៅតាមផ្ទះនិមួយៗនៅវេលាយប់នៃថ្ងៃបង្ហើយនេះ។ នៅកណ្តាលល្វែងផ្ទះ គេក្រាលកណ្តាលមយយហើយដាក់ខ្នើយមួយនៅលើក្បាលកន្ទេលនេះរួចយកសំពត់សមកក្រាលពីលើខ្នើយ និងកន្ទេលមួយជាន់ ទៀត។ នៅជុំវិញកន្ទេលគេរៀបថាស ម្ហូប នំ​ ចំណី បាយបិតបូរ បាយបិណ្ឌ ផ្តិលទឹក ពានស្លាម្លូ ពានបារី ។ រួចហើយគ្រួសារទាំង អស់ត្រូវមកអង្គុយជុំវិញរណ្តាប់ទាំងនោះ។ លុះជុំគ្នាហើយ មេគ្រួសារអុជទៀន ធូប អញ្ញើញវិញ្ញាក្ខន្ធដូនតាមកពិសាក្រយានេះឲ្យ បរិបូណ៌ ហើយសុំឲ្យជួយថែរទាំកូន ចៅ ដែលនៅរស់ឲ្យបានសេចក្តីសុខសប្បាយផង។

លុះព្រឹកព្រហាមឡើង គេរៀបចំនំចំណីក្នុងកូនទូកធ្វើអំពីដើមចេក ហើយបណ្តែតលើទឹកដើម្បីជូនដំណើរដូនតាទៅវិញ។

ចំពោះកាលបរិច្ឆេទនៃការចាប់ផ្តើមធ្វើបុណ្យភ្ជុំបិណ្ឌនេះ នៅស្រុកខ្មែរពុំមានឯកសារណានិយាយឲ្យបានច្បាស់លាស់ទេ។ គេប្រទះ ឃើញរាជពង្សាវតាក្រុងកម្ពុជា ក្នុងរជ្ជកាលព្រះបាទអង្គឌួង (១៨៤៨-១៨៥៩) ដែលបាននិយាយអំពីរឿងបុណ្យភ្ជុំបិណ្ឌបន្តិចថា “ថ្ងៃ១រោច ខែភទ្របទ កាន់បិណ្ឌក្នុងរាជវាំង ថ្ងៃ១៤រោច ខែភទ្របទ ព្រះរាជាទ្រង់ចេញថ្វាយព្រះបិតបរ ថ្ងៃ១៥រោច ខែភទ្របទ ទេសនាគាថាពាន់”។

ហេតុអ្វីបានជាគេនិយមធ្វើបុណ្យភ្ជុំបិណ្ឌក្នុងរនោច ខែភទ្របទ?

គម្ពីរនានាខាងពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតក្នុងកំណើតផ្សេងៗគ្នាតាមផលនៃកម្ម ។ មនុស្សចិត្ត អាក្រក់ដែលបានធ្វើអំពើបាបផ្សេងៗ លុះស្លាប់ទៅតែងតែទៅកើតក្នុងកំណើតមួយហៅថា “ប្រេត” ។

គម្ពីរមិលិន្ទប្បញ្ញសម្តែងថា ប្រេត មាន៤ពួកគឺ ៖

- ប្រេតចិញ្ចឹមជីវិតដោយខ្ទុះឈាម

- ប្រេតដែលស្រេកឃ្លានអាហារជានិច្ច

- ប្រេតដែលភ្លើងឆេះជានិច្ច

- ប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ

គឺប្រេតទី៤ នេះហើយដែលគេតែងធ្វើបុណ្យភ្ជុំបិណ្ឌឧទ្ទិសផលឬសែនឲ្យ។ គេនិយមរើសចំថ្ងៃរនោចខែភទ្របទ ព្រោះពេលវេលានោះ ព្រះចន្ទពុំសូវមានពន្លឺខ្លាំង ហើយចេះតែងងឹតទៅៗ។ ឱកាសនេះហើយដែលយមរាជដោះលែងពួកប្រេតទាំងនោះឲ្យមករស់នៅ លាយឡំជាមួយមនុស្ស ចាំទទួលភោគផលដែលបងប្អូនធ្វើបុណ្យឧទ្ទិសឲ្យព្រោះពួកប្រេតខ្លាចពន្លឺណាស់។ ប្រសិនបើក្នុងរយៈ ពេល១៥ថ្ងៃ ពួកប្រេតបានដើររកគ្រប់៧វត្ត នៅតែពុំឃើញមានបងប្អូនណាធ្វើបុណ្យបញ្ជូនកុសលទៅឲ្យទេ ពួកប្រេតនោះនឹងអត់ បាយអត់ទឹក ស្រេកឃ្លានរងទុក្ខវេទនាក្រៃលែង ហើយនឹងជេរប្រទេចផ្តាសាមកញាតិទាំងឡាយឲ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ ប្រាស់ម្តាយ ឪពុក ប្តីប្រពន្ធកូនចៅ ញាតិផៅ៧សណ្ដានជាដើម ។

បុណ្យចូលឆ្នាំ

មនុស្សគ្រប់ជាតិសាសន៍តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ គេនិយមកំណត់ពេលវេលា និង រៀបចំពិពីនៃបុណ្យនេះប្លែកៗគ្នា ស្រប ទៅតាមជំនឿទំនៀមទំលាប់ និងប្រពៃណីរបស់គេ។ ជនជាតិខ្មែរយើងបាននាំគ្នាធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលរៀងរាល់ឆ្នាំ រហូតមកមិនដែលខកខានម្តងណាឡើយ ។
កាលបិច្ឆេទ

នៅប្រទេសកម្ពុជាយើង កាលបរិច្ឆេទនៃការធ្វើបុណ្យចូលឆ្នាំថ្មីប្រែប្រួលទៅតាមសម័យកាលប្រវត្តសាស្ត្រ

- ពីដើមរហូតចប់សម័យអង្គរ ខ្មែរចូលឆ្នាំនៅខែ មិគសិរ ពីដើមរហូតចប់សម័យអង្គរ ខ្មែរចូលឆ្នាំនៅខែ មិគសិរ “ខែទី១” ត្រូវនឹងថ្ងៃទី១៣ ខែមេសា ជួនកាលថ្ងៃទី១៤ ។ ចំពោះមូលហេតុគឺពេលនោះខ្មែរយើងប្រើប្រតិទិនសុរិយគតិ “ដំណើរព្រះ អាទិត្យ” ជំនួសវិញ។ នៅប្រទេសខ្មែរយើងគេនិយមប្រើចន្ទគតិគួបផ្សំគ្នានិងសរិយគតិ ដោយហេតុថាចន្ទគតិមានទំនាក់ ទំនងទៅនឹងពុទ្ធសាសនា។ ចំពោះកាលបរិច្ឆេទចូលឆ្នាំ តាមចន្ទគតិគឺមិនបានទៀតទាត់ជាថ្ងៃណាមួយពិតប្រាកដទេ ជួនកាលចំវេលាខ្នើត ជួនកាលចំរនោច។
មូលហេតុ

- បុព្វបុរសដែលនាំឲ្យបញ្ចប់ឆ្នាំចាស់ ហើយចូលឆ្នាំថ្មីនេះដោយអ្នកខ្លះមានជំនឿតាមរឿងព្រេងមួយដែលមានសេចក្តីជាអាទិ៍ ថា កបិលមហាព្រហ្ម បានចោទប្រស្នា ៣ដល់ធម្មបាលកុមារ ជាកូនសេដ្ឋីដែលបានរៀបចំនូវត្រៃវេត និងចេះភាសាបក្សី ទាំងពួង។ កបិលមហាព្រហ្ម បានដាក់លក្ខខណ្ឌថា បើធម្មបាលដោះប្រស្នាមិនរួចទេ និងត្រូវកាត់ក្បាលចោល ផ្ទុយទៅ វិញបើស្រាយប្រស្នានេះរួច កបិលមហាព្រហ្ម នឹងត្រូវកាត់ក្បាលខ្លួនឯងទៅវិញ។ ប្រស្នានោះគឺ៖

- ពេលព្រឹក សិរីសួស្តីស្ថិតនៅត្រង់ណា?

- ពេលថ្ងៃត្រង់ សិរីសួស្តីស្ថិតនៅត្រង់ណា?

- ពេលល្ងាច សិរីសួស្តីស្ថិតនៅត្រង់ណា?

ប្រស្នាទាំង៣ នេះធ្វើឲ្យធម្មបាលទាល់ប្រាជ្ញា ប៉ុន្តែទីបំផុតបានស្តាប់សត្វឥន្ទ្រីញី ឈ្មោល សន្ទនាគ្នាអំពីប្រស្នានោះ ទើបបានយល់ រឿងហើយដល់ថ្ងៃកំណត់ក៏បានឆ្លើយត្រូវ៖

ទី១ ពេលព្រឹក សិរីសួស្តីស្ថិតនៅលើមុខ ហេតុនេះមនុស្សតែងលុបលាងមុខនៅពេលព្រឹក។

ទី២ ពេលថ្ងៃត្រង់ សិរីសួស្តីនៅលើទ្រូង ទើបថ្ងៃត្រង់មនុស្សតែងយកទឹកមកលុបលាងដើមទ្រូង។

ទី៣ ពេលល្ងាច សិរីសួស្តីស្ថិតនៅជើង ទើបមនុស្សត្រូវលាងជើងមុនពេលចូលដំណេក។

ទីបំផុតកបិលមហាព្រហ្ម ត្រូវកាត់ក្បាលខ្លួនឯងបូជាធម្មបាល ហើយឲ្យកូនស្រីទាំង៧នាក់ យកពានមកទទួលក្បាល រួចឲ្យកូនហែ ប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទីទើបយកទៅទុកក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលីនៃភ្នំកៃលាស់។ លុះគម្រប់ឆ្នាំសង្ក្រាន្ត ទេពធីតា ទាំង ៧ ក៏ផ្លាស់វេនគ្នាហែក្បាល កបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុរាល់ៗឆ្នាំរហូតមក។

ហេតុនេះហើយបានជាមហាសង្ក្រាន(ជាសំបុត្រប្រាប់ដំណើរចូលឆ្នាំព្រមទាំងទំនាយទឹកភ្លៀងជាដើម) ឬទំនៀមដាច់ឆ្នាំចាស់ចូល ឆ្នាំថ្មីកើតមានឡើង ។
ចែករំលែក